.

បែកធ្លាយ​ថា​ដីចំការ​ជិត​១០០​ហិកតា​ជា​របស់​រដ្ឋ​ត្រូវបាន​លោក ហង់ ចាន់​ឌី​លក់​

ចេញផ្សាយ​ថ្ងៃ​ទី ១២.០៥.២០១៩
combodia TV online

​ខេត្ត​ក្រចេះ : ស្រុក​ចិត្រ​បុរី​ដីចំការ​ជិត​១០០​ហិកតា ក្នុងភូមិ​ទ្រាប​ចំណុច​(​ហៅ​)១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ត្រូវបាន​ប្រភព​ប្រជាពលរដ្ឋ ខ្សឹបខ្សៀវ​ហើយ​គក់​ដើមទ្រូង​ដកដង្ហើម​ធំ​ថា លោក ហង្ស ចាន់​ឌី អភិបាល​នៃ​គណៈ​អភិបាលស្រុក ចិត្រ​បុរី ធ្វើ​ការលក់ដូរ ទៅ​អោយ​អ្នកធំ​ម្នាក់​នៅ​ក្រុងភ្នំពេញ និង​មួយចំនួន​ទៀត​លក់​ទៅអោយ​ក្រុម​ឈ្មួញ​នៅ​ខេត្តរតនគិរី​អស់​ហើយ​គួ​ឲ្យ​សោកស្តាយ​ណាស់​។​

​ប្រភព​ពលរដ្ឋ​បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដី​ខាងលើនេះ គឺជា​ដី​របស់​ក្រុមហ៊ុន ម៉ូ​ហី​បា​កម្ពុជា ( Mohebacombodia ) ដែល​ក្ស័យធន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដ​ក​ហូត​អាជ្ញាប័ណ្ណ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ ដោយ​ក្រុមហ៊ុន​ម៉ូ​ហ៊ី​បា​កម្ពុជា នោះ​ឯង​មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ធ្វើ​ការដាំដុះ លើ​ដំណាំ​កសិឧស្សាហកម្ម ដែល​បាន​ធ្វើ​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​ទៅ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​គ្នា​លាន់មាត់​ថា ស្រាប់តែ​នៅ​ពេល​ថ្មីៗ​នេះ ជុំវិញ​រឿងរ៉ាវ​ដី​នោះ​ត្រូវបាន​មតិ មហាជន​ខ្សឹបខ្សៀវ​គ្នាត៍ៗ​គ្នា​ថា លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បូរី កំពុង​គ្រប់ទឹក​រីកមុខ​ដូច​គ្រាប់​ជី ព្រោះ​បាន​ប្រាក់​ដាក់​ហោ​ប៉ាវ​ធ្វើ​មាន​ក្នុង​អំណាច​តួនាទី​ជា​ចៅហ្វាយស្រុក​។​

​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ផង​ដែរ លោក ហង្ស ចាន់​ឌី បាន​បញ្ជាក់​ប្រាប់ បណ្តាញ​ព័ត៌មាន​យើង​អោយ​ដឹងថា នៅក្នុង​ក្រុមហ៊ុន​ដែល​ក្ស័យធន​នោះ លោក​ពិតជា​ធ្វើ​ការដាំ​ស្វាយចន្ទី ប្រហែល​៣០​ហិតា នៅ​លើ​ទំហំ​ដី​នោះ ព្រោះ​លោក​ថា​ខ្លាច​ប្រជាពលរដ្ឋ​ចូល​ទៅ​ដណ្តើម​គ្នា​យក តែ​ឯ​ផ្ទៃដី​ដែល​នៅសល់​មួយចំនួន ត្រូវបាន​លោក​ផ្ដល់អោយ​មិត្តភក្តិ​របស់​លោក​ដាំ​ដុះ​បន្ថែម​។

​លោក ហង្ស ចាន់​ឌី បាន​គូស បញ្ជាក់​បន្ថែម​ទៀត​ថា នៅពេល​ណា​រដ្ឋ​ត្រូវការ​លោក​ហ្នឹង​ប្រគល់​ជូន​ទៅ​រដ្ឋ​វិញ ហើយ​ពុំ​មាន​ការលក់ដូរ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ចោទប្រកាន់​នោះ​ឡើយ​។​

​នៅក្នុង​សាច់​រឿង​នេះ ទោះបីជា​លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បូរី​ឆ្លើយថា​យ៉ាងណាក៏ដោយ ក៍​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្មី ភូមិ​ទ្រាប​ចំណុច​(​ហៅ​)១០៥ ស្រុក​ចិត្រ​បុរី ទាំងមូល នាំគ្នា​សើច​ចំអក​ថា​ការឆ្លើយ​នេះ​គ្រាន់​ជា​ឡេះ តែ​ពួកគាត់​តែ​មាន​ជំនឿ​យ៉ាង មុតមាំ​ថា ដំណាំ​ស្វាយចន្ទី​នេះ គឺជា​ប្រភេទ​ដំណាំ​អាយុកាល​វែង​ហើយ ដំណើរការ​នា​ពេលខាងមុខ​ក៏​អាច​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​ព្រមទាំង​លក់ដូរ​បាន​ប្រាក់​លាន​ដុល្លា​យ៉ាង​សន្ធឹក​មិនខានឡើយ ចំណែកឯ​ចម្លើយ​ឆ្លើយ​ថា​ឲ្យ​មិត្តភក្តិ​ខ្ចី​ដាំ​នោះ​គឺជា​ល្បិច​អន់​ពេក​ហើយ​កុំ​យក​មក​បោក​ប្រជាពលរដ្ឋ​អី​។​

​ពី​ស្រុក​ចិត្រ​បុរី ខ្ញុំបាទ ម៉ា ម៉េង​ធី ធ្វើ​សេចក្តីរាយការណ៍​

​ការិយាល័យ​និពន្ធ​នាយក ០៩៦.៨៣១៥៥៥១
​មាន​ផ្សព្វផ្សាយ​បន្ត​នៅ​លេខ​បន្ទាប់​ក្នុង ( វេបសាយ )

Home

Leave a Reply

Your email address will not be published. Required fields are marked *