ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងត្រូវបញ្ជាក់ទៅសភា នៅថ្ងៃសុក្រនេះ ថា តើអ៊ីរ៉ង់បានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែរឬទេ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកស្ថិតនៅក្រោមការតាមដានយ៉ាងកៀកកិតពីមជ្ឈដ្ឋានក្នុងស្រុក និងសហគមន៍អន្តរជាតិ ជាពិសេសអ៊ីរ៉ង់ដែលជាភាគីហត្ថលេខី។ សភាអាមេរិកនឹងមានពេល ៦០ថ្ងៃ ដើម្បី សម្រេចថា តើនឹងដាក់ឡើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ ដែលអាមេរិកបានដកផ្អាក នៅក្រោយកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ ២០១៥ ដែរឬទេ។
នៅយប់ថ្ងៃសុក្រនេះ បើសិនគ្មានអព្ភូតហេតុអ្វី កើតឡើងទេ លោកដូណាល់ ត្រាំ នឹងប្រកាសបញ្ជាក់ទៅសភាថា អ៊ីរ៉ង់មិនបានគោរពធ្វើតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
លោកដូណាល់ ត្រាំបាននិយាយរិះគន់ តាំងពីយូរយាណាស់មកហើយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាក្រក់ បំផុត ដែលលោកមិនធ្លាប់ឃើញមានពីមុនមក។ តាំងពីចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំធ្លាប់បានផ្តល់ចម្លើយទៅសភាអាមេរិកពីរលើករួចហើយថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះជាមួយមហាអំណាចរួមទាំងអាមេរិក នៅឆ្នាំ ២០១៥។
ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលបានបរិហាររិះគន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីម្តងទៀត នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិនាពេលកន្លងទៅ ទំនងជានឹងមិនបញ្ជាក់ទៅសភាទៀតទេថា អ៊ីរ៉ង់ គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ទីភ្នាក់ងារបរិមាណូអន្តរជាតិ AIEA បញ្ជាក់ថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែ លោកដូណាល់ មិនយល់ឃើញផ្ទុយពីនេះ។
លោកដូណាល់ ត្រាំ បំផ្លាញចោលឲ្យអស់នូវកិច្ចខំប្រឹងប្រែងទាំងអម្បាលម៉ានរបស់ លោកអូបាម៉ា ព្រោះតែលោក ចង់បង្ហាញថា លោកមានជំហរថ្មី ខុសពីប្រធានាធិបតីអាណត្តិមុន។ លោកដូណាល់ ត្រាំ ចង់បំផ្លាញចោល ច្បាប់សុខភាពអូបាម៉ា។ លោកបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ ហើយនិងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងបានដកអាមេរិកចេញពីអង្គការយូណេស្កូ នៅថ្ងៃព្រហស្បតិ៍ទី ១២ តុលា។
ក្នុងកែវភ្នែករបស់លោកដូណាល់ត្រាំ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ធ្វើឲ្យអាមេរិកខាតប្រយោជន៍ច្រើនណាស់។ ផ្ទុយទៅវិញ ដោយរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ ទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ចំណេញប្រយោជន៍សេដ្ឋកិច្ចច្រើន រាប់ពាន់លានដុល្លារ។ លោកជឿថា អ៊ីរ៉ង់បានយកប្រាក់ចំណូល បានមកពីការលក់ប្រេង ដើម្បី ទៅពង្រឹងកម្លាំងយោធា បង្កអសន្តិសុខ អុកឡុក នៅតំបន់ដើមបូព៌ា ដូចជាបញ្ចូនទ័ពទៅស៊ីរី យេម៉ែន ដែលជាការគំរាមកំហែងដល់អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ទៅ៣ ទៀត លោកដូណាល់ ត្រាំមានការច្រណែនខ្លាំងណាស់ នឹងប្រទេសមហាអំណាចនៅអឺរ៉ុប ដែលបានចាប់ទទួលផ្លែផ្កាសេដ្ឋកិច្ច នៅក្រោយ អ៊ីរ៉ង់រួចផុតពីទណ្ឌកម្មមសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
(អត្ថបទដកស្រង់សម្រាប់សាកល្បងគេហទំព័រ)